ជីវប្រវត្តិ សឺន សាន
*****
សម្ដេចបវរសេដ្ឋា សឺន សាន ប្រសូត្រនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩១១ នៅសង្កាត់លេខ ៥ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ បិតារបស់លោកនាម សឺន សាច់ (Son Sach) ហើយមានមាតានាម នាង សន (Neang San)។ បិតារបស់លោកគឺជាពូជពង្សវង្សត្រកូលជំនាន់ក្រោយរបស់ឧកញ៉ាសេនាបតី សឺន គុយ ដែលជាវីរបុរសខ្មែរកម្ពុជា និងជាអតីតចៅហ្វាយស្រុកព្រះត្រពាំង (បច្ចុប្បន្នខេត្តព្រះត្រពាំង ដែលត្រូវបានកាត់បញ្ជូលទៅក្នុងប្រទេសវៀតណាម)។ លោកបានពលីជីវិតរបស់លោក ដោយឲ្យយួនកាត់ក្បាលជាថ្នូរនឹងការថែរក្សាជំនឿព្រះពុទ្ធសាសនានិកាយថេរវាទសម្រាប់ជនជាតិដើមខ្មែរក្រោមទាំងមូលនៅកម្ពុជាក្រោម។
ការទៅតាំងទីលំនៅរបស់លោកតា សឺន សាច់ នៅប្រទេសកម្ពុជា
នៅពេលសម្ដេចក្រុមហ្លួង ស៊ីសុវត្ថិ សុផានវង្ស និងសម្ដេចក្សត្រី ស៊ីសុវត្ថិ ពិនដារ៉ា ព្រះរាជបុត្រា ព្រះរាជបុត្រីនៃព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ យាងទៅកម្ពុជាក្រោម បានទទួលដំណឹងអំពីការបូជាជីវិតរបស់ឧកញ៉ា សឺន គុយ ក៏បានលោក សឺន សាច់ ជាបិតារបស់សម្ដេចបវរសេដ្ឋា សឺន សាន និងឪពុកមារបស់លោកម្នាក់ មកនៅភ្នំពេញ ដើម្បីឲ្យបន្តការសិក្សាបន្ថែមទៀត។ លោក សឺន សាច់ ក៏បានរៀនសូត្ររហូតឡើងឋានៈជាឧបការីរបស់ព្រះករុណាព្រះបាទព្រះ ព្រះនរោត្ដម សុរាម្រឹត ដែលកាលណោះ ព្រះអង្គមានព្រះតំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម។
ការសិក្សា
នៅឆ្នាំ១៩១៧ លោក សឺន សាច់ បានបញ្ជូនកុមារា សឺន សាន ឲ្យទៅសិក្សានៅសាលាបឋមសិក្សាមីស្សក្នុងរាជធានីភ្នំពេញ។ នៅឆ្នាំ១៩២៧ យុវជន សឺន សាន បានទៅបន្តការសិក្សានៅក្នុងប្រទេសបារាំង រហូតបានប្រឡងជាប់សញ្ញាបត្របញ្ចប់ការសិក្សាជាន់ខ្ពស់ខាងពាណិជ្ជកម្មទីក្រុងប៉ារីស (Diplôme des HautesEtudes Com merciales de Paris) នៅឆ្នាំ១៩៣៣ ហើយបានវិលត្រឡប់មកកាន់មាតុប្រទេសវិញ។
សកម្មភាពរបស់សម្តេចបវរសេដ្ឋា សឺន សានក្នុងសង្គមខ្មែរនៅប្រទេសកម្ពុជា
ឆ្នាំ ១៩៣៥ ដល់ ១៩៣៧ លោកបានចូលធ្វើ ការក្នុងរាជការមានមុខងារជាភូឈួយខេត្តបាត់ដំបង។ ក្នុងរយៈពេលនៃការបំពេញការងារប្រហែលជាពីរឆ្នាំ កង្វល់របស់លោកភូឈួយ សឺន សាន គឺការដែលប្រជាពលរដ្ឋខ្មែរមានជីវភាពដុនដាប និងការកេងប្រវ័ញ្ចរបស់ឈ្មួញ ដែលយកការប្រាក់ធ្ងន់ធ្ងរពេក ទៅលើប្រជារាស្រ្តខ្មែរក្រីក្រ។
- ពីឆ្នាំ ១៩៣៧ ដល់ ១៩៣៩ លោកបានទទួលតំណែងជាភូឈួយខេត្តព្រៃវែង។
- ពីខែឧសភាឆ្នាំ ១៩៤៦ ដល់ ខែសីហា ឆ្នាំ ១៩៦៨ លោកទទួលបានតំណែងជារដ្ឋមន្ត្រី និងជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាច្រើនលើក។
- ឯកឧត្តម សឺន សាន បានចូលរួមយ៉ាងសកម្មជាមួយសម្តេចចៅហ្វាវាំង ប៉ែន នុត ក្នុងការទាមទារឯករាជ្យពីបារាំងនៅឆ្នាំ ១៩៥០ ។ ឯកឧត្តម សឺង សាន បានចូលជាសមាជិក គណបក្សប្រជាធិបតេយ្យ ដែលដឹកនាំដោយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស និងបានជាប់ឆ្នោតជាសមាជិកសភាមណ្ឌលក្រុងភ្នំពេញ នៅឆ្នាំ១៩៤៧ ដល់ ១៩៤៩។ ពេលនោះឯកឧត្តម សឺន សាន បាន ចូលរួមក្នុងការព្រាងច្បាប់រដ្ឋធម្មនុញ្ញក្រោមការដឹកនាំរបស់លោក អៀវ កើស ។ ឯកឧត្តមសឺន សាន បានជាប់ឆ្នោតជាប្រធានរដ្ឋសភានៅឆ្នាំ១៩៥១ ដល់ ១៩៥២។
មុនឆ្នាំ ១៩៥០ នៅពេលដែលឯកឧត្តម សឺន សាន កំពុងបន្តធ្វើការសិក្សាក្នុងទីក្រុងប៉ារីស នៅធនាគាប្រទេសបារាំង ដែលជារូបិយវត្ថុជាតិបារាំងនោះ ឯកឧត្តមត្រូវបានសម្តេចក្រុមហ្លួង ស៊ីសុវត្ថិ មុនីវង្ស ដែលកាលណោះព្រះអង្គមានព្រះតំណែងជានាយករដ្ឋមន្រ្តី អញ្ជើញឲ្យវិលចូលកម្ពុជាវិញ ដើម្បីរៀបចំក្រសួងការបរទេស។ ដូច្នេះនាពេលនោះ ឯកឧត្តម សឺន សាន ត្រូវធ្វើការហ្វឹកហ្វឺនភ្លាមនូវក្រសួងការបរទេសបារាំង ។
ក្រោយពីបានទទួលឯករាជ្យនៅឆ្នាំ ១៩៥៣ ស្តេច នរោត្តម សីហនុ បានបញ្ជាឲ្យឯកឧត្តម សឺន សាន បង្កើតធានាគារជាតិនៃកម្ពុជា ដើម្បីជួយឲ្យប្រទេសកម្ពុជាបានទទួលឯករាជ្យ ខាងរូបិយវត្ថុ ។ ឯកឧត្តម សឺន សាន បានធ្វើឲ្យសម្រេចកិច្ចការនោះបាន ដោយមានកិច្ចសហការជាមួយព្រឹទ្ធបុរសប្រវត្តិវិទូ និងជាអ្នកសេដ្ឋកិច្ចបារាំងម្នាក់ជាមិត្តភក្តិ គឺសាស្រ្តាចារ្យ Professeur Achille Dauphin –Meunier ។ ឯកឧត្តម សឺន សាន បានបំពេញមុខតំណែងជាទេសាភិបាលធានាគាជាតិនៃកម្ពុជា ចាប់ពីពេលបានបង្កើតធានាគាជាតិនៅឆ្នាំ ១៩៥៤-១៩៥៥ រហូតដល់ឆ្នាំ១៩៦៨ ។ ឯកឧត្តម សឺន សាន បានលាលែងពីគ្រប់មុខតំណែងរាជការនាឆ្នាំ១៩៦៨ ក្រោយពេលមរណភាពនៃកូនប្រុសច្បងរបស់លោក និងចាប់ផ្តើមកាន់សីលប្រាំរហូតចាប់ពីពេលនោះមក ។
នៅឆ្នាំ ១៩៦៩ ឯកឧត្តម សឺន សាន បានទទួលងារជា « សម្តេចបវរសេដ្ឋាធិបតី» ពីស្តេច នរោត្តម សីហនុ ។
សម្តេច សឺន សាន បានចូលរួមយ៉ាងសកម្មក្នុងការចរចានិងក្នុងសន្និសីទជាច្រើនលើកដូចជាសន្និសីទសង់ហ្វ្រង់ស៊ីស្កូ នាឆ្នាំ១៩៤៨ សន្និសីទវ៉ាស៊ីងតោន សន្និសីទហ្សឺណែវឆ្នាំ១៩៥៤ ស្តីពីឥណ្ឌូចិន ការរៀបចំសេចក្តីសម្រេចនាឆ្នាំ១៩៦២ របស់តុលាការអន្តរជាតិនាទីក្រុងឡាអេ ស្តីពីប្រាសាទព្រះវិហារ ព្រមទាំងការចរចាជាច្រើនទៀតសម្រាប់ការផ្តល់ជំនួយដល់ប្រទេសកម្ពុជា ។
សម្តេច សឺន សាន ជាពុទ្ធសាសនិកជនម្នាក់ដែលស្រឡាញ់គោរពប្រពៃណីព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួនជាគំរូនៃខ្មែរអ្នកកាន់ព្រះពុទ្ធសាសនាមួយរូប សម្តេចជាវីរជនមួយរូបឆ្លាតមាន កេរ្តិ៍ឈ្មោះ ស្អាតស្អំ ពុំដែលប្រព្រឹត្តនូវអំពើពុករលួយអបាយមុខ និងអមនុស្សធម៌ដោយប្រការណាមួយឡើយ ។
នៅក្នុងឆ្នាំ១៩៨២ ទស្សនកិច្ចមួយនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចម្រុះ ក្រោមការដឹកនាំរបស់ស្តេច នរោត្តម សីហនុ លោករដ្ឋមន្ត្រីការបរទេសអង់គ្លេស Lord Carrengton បានទទួលស្វាគមន៍ ដោយពោលពាក្យថា Mr.Clean (អ្នកស្អាតស្អំ)។
នៅក្នុងការដឹកនាំ សម្តេច សឺន សាន តែងតែប្រកាន់យកមាគ៌ានយោបាយប្រជាធិបតីសេរីនិយមបែបព្រះពុទ្ធសាសនា និងមានជំនឿយ៉ាងមុតមាំលើព្រះពុទ្ធសាសនាជាដរាប។
នៅឆ្នាំ ១៩៧២ សម្តេច សឺន សាន បានបំពេញ បេសកកម្មក្នុងការផ្សះផ្សាជាតិរវាងភាគី ដែលមានវិវាទមនោគមន៍វីជ្ជាខុសគ្នា ដើម្បីធ្វើការសម្រុះសម្រួល បញ្ចប់សង្គ្រាមទាំងមូលនៅប្រទេសកម្ពុជា បុន្តែ អន្តរាគមន៍នេះ ពុំបានសម្រេចដូចបំណងរបស់សម្តេចឡើយ។ ចាប់តាំងពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ដោយមានចូលរួមពីសហគមន៍ ខ្មែរនៅបរទេសសម្តេច សឺន សាន បានបង្កើតសមាគមខ្មែរនៅបរទេសមានឈ្មោះថា AGKE ដើម្បីរិះរកមធ្យោបាយជួយខ្មែរដែលរងគ្រោះ។ ក្នុងនាមជាប្រធានសមាគមខ្មែរនៅបរទេស សម្តេចបានធ្វើឲ្យមតិសាធារណមានការចាប់អារម្មណ៍ទុក្ខវេទនារបស់ខ្មែរនៅប្រទេសកម្ពុជានាសម័យនោះ ។
សកម្មភាពសមាគមខ្មែរនៅបរទេស បានធ្វើសកម្មភាពផ្សេងៗ មានដូចជា ការបង្កើតវត្តអារាមខ្មែរនៅប្រទេសបារាំង ដែលបានចូលរួមយ៉ាងសកម្ម ជាពិសេសពីព្រះតេជព្រះគុណ យូ ហ៊ុត និងព្រះតេជព្រះគុណ បូ គ្រី និងបានរៀបចំការសម្តែងសិល្បៈវប្បធម៌ជាដើម។ ក្នុងនាមប្រធានសម្តេចបានជួយអគ្គលេខាធិការអង្គការសហប្រជាជាតិ Kurt Waldheim ជាមួយក្រសួងការបរទេសអង់គ្លេសដើម្បីលើកឡើងអំពីបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា ដែលការនេះបានធ្វើឲ្យរដ្ឋាភិបាលអង្គគ្លេសនាឆ្នាំ ១៩៧៥ ធ្វើការអំពាវនាវនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវហើយ សមាជិកសភាន័រវេហ្ស៍ នាដើមឆ្នាំ១៩៧៨ បានអំពាវនាវឲ្យធ្វើសវនាការអន្តរជាតិអូស្លូ ស្តីពីកម្ពុជាដែលកាលណោះសមាគមខ្មែរនៅបរទេសបាន បញ្ជូនជនភៀសខ្លួនខ្មែរឲ្យធ្វើជាសាក្សីបង្ហាញ់ពីបទឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម ។
ធនធានដែលមកពីការសម្តែងសិល្បៈវប្បធម៌ និងសកម្មភាពផ្សេងៗរបស់សមាគមខ្មែរនៅបរទេសត្រូវបានបញ្ជូនមកទៅព្រំដែនខ្មែរដើម្បីជួយជនភៀសខ្លួនខ្មែរនិងការប្រយុទ្ធដើម្បីសេរី ភាពនៅតាមបណ្តោយព្រំដែនខ្មែរ- ថៃ ។
ឧត្តមសេនីយ៍ជាច្រើនរូប បានចូលរួមក្នុងចលនាតស៊ូរបស់សម្ដេច ដូចជា ឧត្តមសេនីយ៍ អ៊ឹម ឈូដេត ឧត្តមសេនីយ៍ កេត រ៉េត ឧត្តមសេនីយ៍ លឿង ស៊ីណាក់ ឧត្តមសេនីយ៍ សៀន សំអុន ឧត្តមសេនីយ៍ ជា ឫទ្ធី ឈុត ជាដើម។
ការបង្កើតរណសិរ្សជាតិរំដោះប្រជាពលរដ្ឋ ខ្មែរ (រ.ជ.រ.ប.ខ)
នៅថ្ងៃទី ៥ ខែមិនា ឆ្នាំ ១៩៧៩ កងទ័ពជាតិ រំដោះប្រជាពលរដ្ឋខ្មែរ បានត្រូវបង្កើតឡើង ។ នៅ ខែតុលា ឆ្នាំ ១៩៧៩ រ.ជ.រ.ប.ខ ដែលប្រ ជាពលរដ្ឋ ស្គាល់ថា ខេភី ក៏បានប្រកាសបង្កើតឡើងដោយមាន សម្តេច សឺន សាន ជាប្រធាន ។
ក្រោយមក រ.ជ.រ.ប.ខ បានចូលរួមក្នុងរដ្ឋាភិ បាលចម្រុះដោយមាន សម្តេច នររោត្តម សីហនុ ជាប្រធាន ហើយសម្តេច សឺន សាន ជានា យករដ្ឋមន្រ្តី ។
សម្តេច សឺន សាន បានទទួលរង្វាន់ជាអ្នក ក្លាហានដើម្បីសេរីភាព ប្រចាំឆ្នាំ ១៩៨៥ រង្វាន់ផ្តល់ ឲ្យដោយអង្គការសម្ព័ន្ធសេរីភាពនៃប្រទេស អូស្ត្រាលីកាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ១៩៨៦ ក្នុងឪកាល ពិធីរំឭកខួប លើកទី ៦ នៃទិវាសេរីភាពពិភពលោក។
នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ១៩៩០ សម្តេច សឺន សាន បានយល់ព្រម ចូលជាសមាជិតឧត្តម ក្រុមប្រឹក្សាជាតិដើម្បីសម្រុះសម្រួលជាតិខ្មែរ។ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ១៩៩២ សម្តេច សឺនសាន បានទទួលការ ជ្រើសតាំងជាប្រធានគណៈ បក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធ សាសនា ។ សម្តេចបានជាប់ឆ្នោតជាសមាជិកសភាមណ្ឌលក្រុង ភ្នំពេញនៅឆ្នាំ ១៩៩៣ ហើយបានទទួលដំណែងជាប្រធានសភា ធម្មនុញ្ញរហូតដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ នៅពេលដែល សភាធម្មនុញ្ញបានក្លាយទៅ ជារដ្ឋសភា ។ នៅពេលនោះសម្តេច ជាព្រឹទ្ធបុរស នៃរដ្ឋសភា ។ នៅឆ្នាំ ១៩៩៤ សម្តេចបានទទួលតំណែង ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។ នៅឆ្នាំ ១៩៩៧ សម្តេចបានទទួលតំណែងជាសមាជិកក្រុម ប្រឹក្សាធម្មនុញ្ញតែងតាំងដោយព្រះមហាក្សត្រ ។
គ្រឿងឥស្សរិយយសដែលសម្តេច សឺន សាន បានទទួល
- មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍។
- មេដាយសេនាជ័យសិទ្ធិមេដាយរដ្ឋកាល ស្តេច នរោត្តមសីហនុថ្នាក់មាស ។
- មេដាយរដ្ឋកាលស្តេច ព្រះនរោត្តម សុរាម្រិតថ្នាក់មាស ។
- មេដាយមកុដរាជ្យថ្នាក់មាស មេដាយសុវត្ថារាថ្នាក់ធិបតិន្ទ ។
- មេដាយមុនីសារាភ័ណ្ឌថ្នាក់ធិបឌិន្ទ ។
- មេដាយមាសខេមរៈកីឡាឫទ្ធិ ។
- មេដាយមកុដរាជ្យនៃប្រទេស Belgique ថ្នាក់ មហាសេរីវឌ្ឍ៍ ។
- មេដាយ Ordre du Nil ( RAU ) ថ្នាក់មហាសេរី វឌ្ឍ៍ ។
- មេដាយ Yougoslavie ថ្នាក់មហាសេរីវឌ្ឍ៍ ។
- មេដាយ Million d’Eléphants ( Laos) ថ្នាក់មហា សេនា ។
- មេដាយ Légion d’honneur ថ្នាក់មហាសេនា ។
- មេដាយជាតូបការៈនិងមេដាយមាសការពារប្រទេស ។
លក្ខណសម្បត្តិ
សម្តេចបវរសេដ្ឋាធិបតី សឺន សាន ជាខ្មែរដ៏ ចំណាស់ម្នាក់រាងស្តើងខ្ពស់ស្រឡះ ស្លឹកត្រចៀក វែង ថ្ងាសទូលាយបង្ហាញឲ្យឃើញនូវភាពវៃឆ្លាតក្នុងការងារ។ សម្តេចបានប្រសាសន៍មួយៗទន់ភ្លន់ តែមិនចេះតក់ស្លុតនៅចំពោះមុខឧបសគ្គនានា ។ ជារឿយៗ នៅក្នុងការនិយាយស្តី សម្តេចតែងតែរំលឹកអំពីគុណព្រះពុទ្ធ ព្រះធ៌ម ព្រះសង្ឃ ដោយថ្លែងសំអាងលើព្រះ ឬទេវតាជាប្រធាន។ សម្តេច សឺន សាន ជាអ្នកកាន់ព្រះពុទ្ធសា សនា រក្សាសីលប្រាំរហូតគ្មានដាច់អស់រយៈកាល ៣២ ឆ្នាំ គិតមកដល់ឆ្នាំ ២០០០ ពេលដែលគាត់បាត់បង់ជីវិត។
សម្តេច សឺន សាន គោរពដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ។ សម្តេច សឺន សាន គោរពព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន។ ក្នុងជីវិតចុងក្រោយរបស់សម្តេច ទោះក្នុងស្ថានភាពយ៉ាងណាក៏ដោយ ក៏សម្តេចមានការគិតមមៃជានិច្ចដល់អ្វីដែលជាផលប្រយោជន៍របស់ជាតិ និងរបស់ប្រជារាស្រខ្មែរ។
អវសានជីវិត
នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០០០ សម្តេចបវរសេដ្ឋាធិបតី សឺន សាន បានទទួលអនិច្ចធម្ម នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា៕





