ជីវប្រវត្តិ លោក អៀវ កើស
*****
អៀវ កើស គឺជាអ្នកស្រាវជ្រាវភាសាខ្មែរ , ជាកវីនិពន្ធ , អ្នកនិពន្ធសារព័ត៌មានខ្មែរ-បារាំង និងអ្នករៀបរៀងសៀវភៅភាសាខ្មែរ, ជាសហគ្រិន , ជាស្ថាបនិកគណបក្សប្រជាធិបតេយ្យ , ជាសមាជិកសភាតំណាងរាស្ត្រ , ជាឧបរដ្ឋមន្ត្រី និងជាប្រធានរដ្ឋសភា។ លោក អៀវ កើស កើតនៅឆ្នាំ១៩០៥ នៅឃុំសង្កែ ខេត្តបាត់ដំបង ជាបុត្រទោលរបស់លោក អៀវ ហេង និង អ្នកស្រី ទឹក ។
លោកបានរៀននៅវត្តកណ្តាល និងសាលាបឋមសិក្សាខេត្តបាត់ដំបង នៅអនុវិទ្យាល័យព្រះស៊ីសុវត្ថិក្រុងភ្នំពេញ និងសាលាពាណិជ្ជកម្មក្រុងហាណូយ រហូតប្រឡងជាប់លេខ១ នៅឆ្នាំ១៩២៧។ គ្រឹះស្ថាន ដឺនីហ្វ្រែរ នៅភ្នំពេញ និងចម្ការកៅស៊ូមេមត់ បានទទួលលោកជានិយោជិក ដល់ដើមឆ្នាំ១៩២៨ មុននឹងលោកចាប់ផ្តើមអាជីវកម្មជាសហគ្រិនស្ថាបនានៅមេមត់ ទៅទល់នឹងឆ្នាំ១៩៣២។ នៅតុលាការកំពង់ចាម ក្នុងឆ្នាំ១៩២៨ លោកបានប្តឹងឈ្នះក្តីលើចាងហ្វាងចម្ការកៅស៊ូចាឡាង សញ្ជាតិបារាំងដែលបានប្រើអំណាចប្រមាថរូបលោក។ ជំនាន់នោះ ខ្មែរដែលអាចឈ្នះក្តីលើបារាំង ជាពិសេសបារាំងដែលមានឋានៈខ្ពង់ខ្ពស់បែបនេះ ពិតជាព្រឹត្តិការណ៍មានដោយកម្រពេកណាស់ ។
ឆ្នាំ១៩២៩ លោកបានរៀបការជាមួយអ្នកគ្រូ គិម ស៊ិរី ហៅ ពាញ ។ លោកមានកូនប្រុស២នាក់ ។ ទោះបីលោកកំពុងប្រកបអាជីវកម្ម និង មានគ្រួសារហើយក្តី ក៏លោកនៅតែខំឆ្លៀតរៀនរហូតបានប្រឡងជាប់អាហារូបករណ៍នាឆ្នាំ១៩៣២ ដើម្បីបានទៅបន្តវិជ្ជានៅវិទ្យាស្ថានគីមី ឯក្រុងប៊រដូ នាប្រទេសបារាំង ។ ប៉ុន្តែរដ្ឋាភិបាលបារាំងនៅឥណ្ឌូចិន មិនអនុញ្ញាតឱ្យលោកចេញទៅសិក្សាឡើយ ។ ឆ្នាំ១៩៤២-១៩៤៦ លោកបានធ្វើជាសហគ្រិនសាធារណការនៅខេត្តបាត់ដំបង ។ ក្នុងពេលនោះលោកបានចូលជាសមាជិកសភាតំណាងរាស្ត្រខ្មែរ រួចជាសមាជិករងនៅគណៈកម្មការចម្រុះ នៃក្រុមមហាប្រឹក្សាសម្រាប់ការពារផលប្រយោជន៍ខាងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅប្រទេសឥណ្ឌូចិន និង បានធ្វើជាសមាជិកនៃគណៈកម្មការចម្រុះនៅអមរដ្ឋាភិបាលខ្មែរ ។ ឆ្នាំ១៩៤១-៤៥ លោកបានប្រកបមុខរបរលក់ថ្នាំពេទ្យ និងធ្វើឧស្សាហកម្មសាប៊ូ នៅបាត់ដំបង ។ក្នុងឆ្នាំ១៩៤៥ លោកបានមកភ្នំពេញ កាន់តំណែងជាឧបរដ្ឋមន្ត្រីនៃក្រសួងសេដ្ឋកិច្ច ។ ឆ្នាំក្រោយមក លោកបានចូលរួមបង្កើតគណបក្សប្រជាធិបតេយ្យ និង បានធ្វើជាប្រធានរដ្ឋសភាព្រាងរដ្ឋធម្មនុញ្ញ ។ ឆ្នាំ១៩៤៧ លោកបានធ្វើប្រធានរដ្ឋសភាម្តងទៀត រហូតដល់ឆ្នាំ១៩៤៩។ លោកបានចូលជាសមាជិកសមាគមមិត្តសិស្សចាស់ និងមិត្តអនុវិទ្យាល័យ និង វិទ្យាល័យព្រះស៊ីសុវត្ថិ , សមាគមគិលាន សង្គ្រោះចំពោះព្រះសង្ឃ និង គណៈកម្មការវប្បធម៌ ដែលមានសម្តេចព្រះសង្ឃរាជ ជួន ណាត ជាប្រធាន ព្រមទាំងបានធ្វើជាទីប្រឹក្សាសមាគមមិត្តសាលាបាលី ។ លោកបានរៀបចំក្បួនជវលេខ និងអង្គុលីលេខខ្មែរ។ ជាមួយនឹងគណៈកម្មការវប្បធម៌ លោកបានកែសម្រួលអក្សរខ្មែរសម្រាប់អង្គុលីលេខ។ លោកជាអ្នកស្រាវជ្រាវភាសាខ្មែរ , ជាកវីនិពន្ធ , អ្នកនិពន្ធសារព័ត៌មានខ្មែរ-បារាំង និងអ្នករៀបរៀងសៀវភៅ «ភាសាខ្មែរ»។
លោក អៀវ កើស ត្រូវបានស្តេច សីហនុ និងបារាំងរួមគំនិតគ្នាធ្វើឃាតលោកដោយ ចោលនឹងគ្រាប់បែកនៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៥០ វេលាម៉ោង៦ ល្ងាច។ មុននឹងផុតដង្ហើម លោកបានផ្តាំលោកងែត ហៀន ថា ត្រូវសាមគ្គីគ្នាឡើងដើម្បីឯករាជ្យជាតិខ្មែរយើង។ សពលោក បានបូជានៅវត្តបទុមវតីរាជវរាម។ ធាតុលោក បានបញ្ចុះនៅវត្តកែវព្រះភ្លើង ក្រុងភ្នំពេញ៕





